ខ្សែភាពយន្តខ្នាតធំរបស់ផលិតកម្ម សាស្រ្តា ហ្វៀម រឿងគាស់ផ្នូរ បានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនដែលនិយមគាំទ្រភាពយន្តក្នុងស្រុក។ ជាការពិតរឿងគាស់ផ្នូរ បានឆក់យកបេះដូងពីប្រិយមិត្ត ត្បិតមិនត្រឹមតែជាភាពយន្តដែលបានផ្តល់នូវការកម្សាន្តតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែរឿងនេះក៏បានបង្កប់នូវអត្ថន័យអប់រំយ៉ាងជ្រាលជ្រៅផងដែរ។
ជាក់ស្តែងសាច់រឿង បានឆ្លុះបញ្ចាំងឱ្យឃើញនូវក្តីស្រឡាញ់ចំពោះម្តាយទៅកូន និង មនោសញ្ចេតនាបងប្អូន មិនអាចចោលគ្នាបាន។ លើសពីនេះ ភាពយន្តខ្នាតធំនេះ ក៏បានបង្ហាញឱ្យឃើញពីក្បួនចិនសែ ដែលអាចកាត់គ្រោះ និងបញ្ជៀសគ្រោះផ្សេងៗ និង ការលោភលន់ ភាពចង់មានចង់បានហួសកម្រិត ដែលចុងបញ្ចប់ធ្វើឱ្យបាត់បង់សមាជិកគ្រួសារ ហើយថែមទាំងរស់នៅមិនបានសុខជាដើម។
លទ្ធផលនៃការចាក់បញ្ចាំងត្រឹមមួយសប្តាហ៍ដំបូង បានស្តែងឱ្យឃើញពីសន្ទុះនៃការគាំទ្រចំពោះរឿង គាស់ផ្នូរ រហូតជាប់ចំណាត់ថ្នាក់លេខមួយ (No.1) ជារឿងដែលលក់សំបុត្រដាច់បំផុតនៅគ្រប់រោងភាពយន្ត លេជេន (Legend Cinema)។ ខ្សែភាពយន្តមួយនេះ អាចចាត់ទុកថាជារសជាតិថ្មី នៃរឿងកុនក្នុងវិស័យភាពយន្តខ្មែរ ដែលកន្លងមកគេមិនទាន់ឃើញមានខ្សែភាពយន្ត ដែលដកស្រង់ចេញពីរឿងរ៉ាវពិតរបស់ គ្រូចិនសែ នៅឡើយ។
ថ្នាក់ដឹកនាំ និង ក្រុមការងារនៃផលិតកម្ម សាស្រ្តា ហ្វៀម ទាំងអស់ សូមសម្តែងនូវការអរគុណទៅដល់ប្រិយមិត្ត អ្នកគាំទ្រនៅទូទាំងប្រទេស ដែលបានទៅទស្សនារឿងគាស់ផ្នូរ និង ផ្តល់នូវមតិល្អៗត្រឡប់មកវិញ។ នេះជាកម្លាំងចិត្តមួយជម្រុញឱ្យក្រុមការងារ សាស្រ្តា ហ្វៀម មានកម្លាំងចិត្តក្នុងការផលិតនូវខ្សែភាពយន្តល្អៗ ប្រកបដោយគុណភាពខ្ពស់សម្រាប់បងប្អូនអ្នកគាំទ្រទាំងអស់គ្នា និងសម្រាប់វិស័យភាពយន្តខ្មែរ ក្នុងការបន្តរីកចម្រើនទៅមុខជាលំដាប់៕